
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧបត្ថម្ភអំណោយមនុស្សធម៌ ជូនចាស់ជរាគ្មានទីពឹង និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង រួមជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ចាស់ជរាគ្មានទីពឹង និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៩គ្រួសារ រស់នៅជុំវិញទីតាំងបន្ទាយ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា៖ ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែរៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភអំណោយមនុស្សធម៌ ជូនដល់ចាស់ជរាគ្មានទីពឹង និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតរស់នៅជុំវិញទីតាំងបន្ទាយ ដោយបានផ្សារភ្ជាប់នូវមនោសញ្ចេតនា កងទ័ពជាកូនចៅរបស់ប្រជាជន អ្វីៗគ្រប់យ៉ាងដេីម្បីប្រជាជន និងបានសូមជូនពរក្នុងឱកាសឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នៅពេលដ៍ខ្លីខាងមុខនេះ សូមចូលមានដល់លោកយាយ លោកតា គ្រប់ៗរូប សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន សុខភាពល្អ អាយុយឺនយូរ និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
នៅក្នងឱកាសនេះ ឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជន និងលោកយាយ លោកតា ដែលមានជីវភាពលំបាកខ្វះទាំង ៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រី ទឹកសុីអុីវចំនួនពីរយួរ ត្រីខកំប៉ុងចំនួនមួយយួរ ទឹកពិសារបរិសុទ្ធចំនួនពីរយួរ និងថវិកាមួយចំនួនផងដែរ ។
លោកយាយ លោកតា និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត រំភើបចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ចំពោះទឹកចិត្តមនុស្សធម៌ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះការជួយឧបត្ថម្ភដល់គាត់ ដែលកំពុងមានការខ្វះខាតនៅពេលនេះ និងសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាឯកឧត្តម លោក លោកស្រីទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ច ។










You must be logged in to post a comment.