
សាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនឧក្រិដ្ឋជនជាមេឃ្លោង ១៨រូប ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដាក់ពន្ធនាគារបណ្តោះអាសន្ន
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកហុក ពៅ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានចេញដីការសម្រេចឃុំខ្លួនឧក្រិដ្ឋជនជាមេឃ្លោង១៨រូប ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) រួចបញ្ចូនសំណុំរឿងទៅបើកការស៊ើបសួរតាមនីតិវិធី ។
ជនទាំង១៨រូប មានជនជាតិចិនចំនួន១៤នាក់ ,ជនជាតិម៉ាឡេស៊ី០២នាក់ ជនជាតិមីយ៉ាន់ម៉ា០១នាក់ (ស្រី) និងខ្មែរ ចំនួន០១នាក់ (ស្រី) ។
ជនត្រូវចោទទាំង១៨រូបនេះ ត្រូវបានលោកឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ពីបទ “ ឆបោកមានស្ថានទម្ងន់ទោស “ ( ជាក្រុមមានអង្គការចាត់តាំង ) តាមមាត្រា៣៧៧ និង ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ តាំងពីកំឡុងឆ្នឆាំ២០០៣ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ។
គួររំលឹកថា ៖ ឧក្រិដ្ឋជនជាមេឃ្លោងធំ ទាំង១៨នាក់ខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបនៅចំណុចសណ្ឋាគារជីនបៀនមេនឌូ ផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ក្រោយការបង្ក្រាប មន្ត្រីសមត្ថកិច្ចជំនាញបានរកឃើញថា ៖ ក្រុមឧក្រិដ្ឋជនខាងលើ បានប្រើប្រាស់កម្ពុជាជាទីលួចជ្រកកោន ហើយប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញជនរងគ្រោះឲ្យដាក់ប្រាក់វិនិយោគក្លែងក្លាយ ( Investment Scams ) ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី ៕





You must be logged in to post a comment.