Mon. Mar 16th, 2026

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារចុះមូលដ្ឋានឃុំជាំសង្កែ គណៈកម្មាធិការគណបក្សឃុំជាំសង្កែ, គណៈសាខាបក្សភូមិ និងក្រុមចលនាភូមិទាំង៩ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារប៉ាម៉ានី នាយកសាលា និងលោកគ្រូ អ្នកគ្រូជាច្រើនរូប។

ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារប៉ាម៉ានី លោកនាយកសាលាទាំង៣ លោកគ្រូ អ្នកគ្រូ អាជ្ញាធរឃុំ ភូមិ និងក្រុមការងារទាំងអស់ ជាពិសេសឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ដែលបានសម្របសម្រួលរៀបចំកម្មវិធីនេះឡើង។

បន្ទាប់ពីសំណេះសំណាលជាមួយក្រុមការងាររួចមកឯកឧត្តម ហ៊ុន ម៉ានី ក៏បានចុះផ្ទាល់ដល់ខ្នងផ្ទះ យករូបថតទៅប្រគល់ដល់ដៃកូនៗ និងឆ្លៀតឱកាសសួរសុខទុក្ខ លើកទឹកចិត្តកូនៗ ក៏ដូចជាផ្ដាំផ្ញើដល់ឪពុកម្តាយអាណាព្យាបាល ឱ្យខិតខំថែទាំកូនចៅ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ ដើម្បីអនាគតពួកគេ ក្លាយជាធនធានមានតម្លៃសម្រាប់ប្រទេសជាតិ។

សូមជម្រាបថា កម្មវិធីប្រគល់-ទទួល និងចែករូបថតជូនកុមារ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនសិស្សានុសិស្សនៅតាមសាលាបឋមសិក្សាទូទាំងខេត្តកំពង់ស្ពឺ នូវអនុស្សាវរីយ៍ដ៏មានន័យនៃវ័យកុមារភាពរបស់ពួកគេ។

ឯកឧត្តមរម្លេចដែរថា កម្មវិធីប៉ាម៉ានី បានកើតចេញដំបូងនៅអង្គការផ្ទះបាយកុមារ រាជធានីភ្នំពេញដែលជាកន្លែងបើកទ្វាទទួលកុមារអនាថា កុមារខ្វះជីវភាព ដែលទទួលបានអាហារ សម្លៀកបំពាក់ ការថែទាំព្យាបាល ការឧបត្ថម្ភជាអង្ករ ដែលអង្គការនោះប្រៀបបានដូចជាផ្ទះសម្បែងរបស់ក្មេង។ ឯកឧត្តមក៏បានទៅឧបត្ថម្ភជួយដល់កុមារនៅទីតាំងអង្គការនោះជាទៀតទាត់។ ដោយមាននិស្ស័យ កុមារនៅទីនោះក៏បានហៅ ឯកឧត្តមថា ប៉ាម៉ានី មកទល់បច្ចុប្បន្ន។

You missed

error: Content is protected !!