
សម្តេច ម៉ែន សំអន៖ ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពគឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បត្តិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងតែងតែផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់តួនាទីរបស់ស្ត្រី តាមរយៈ ការតែងតាំងមុខតំណែងដឹកនាំ និងការដំឡើងឋាន្តរស័ក្តិស្របតាមសមត្ថភាព និងអតីតភាពការងារ នៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្រសួងជានិច្ចកាលតែងគិតគូរពីការបង្កើនបរិមាណ និងពង្រឹងភាពអង់អាចដល់មន្ត្រីរាជការជាស្ត្រី។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងត្រូវបានដាក់ចេញ ដើម្បីធានានូវកាលានុវត្តភាពស្មើៗគ្នា ក្នុងការចូលរួមសម្រេចចិត្តលើវិស័យធនធានទឹក និងឧតុនិយម។
ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ដែលបានរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្ដិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ លើសពីនេះ ការប្រារព្ធយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា គឺដើម្បីអបអរសាទរពីវឌ្ឍនភាព និងសមិទ្ធផលលើគ្រប់វិស័យរបស់ស្ត្រី ក៏ដូចជាការឆ្លុះបញ្ចាំងលើមេរៀនបទពិសោធ បញ្ហាប្រឈម កាលានុវត្តភាព និងលើកឡើងនូវទិសដៅអាទិភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវសកម្មភាពជាក់លាក់ និងវិធានការជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅសម្រេចបានសង្គមមួយដែលមានបរិយាបន្ន និងសមភាពសម្រាប់ទាំងអស់គ្នា។
សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ លោកជំទាវ លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ» នៅក្នុងឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ ពីការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព។ ជាមួយគ្នានេះ ក៏អំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្រ្តី និងគ្រួសារ ដែលទាំងនេះជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម៕







You must be logged in to post a comment.