Wed. Mar 4th, 2026

ក្រសួងឧស្សាហកម្ម និងអគ្គលេខាធិការដ្ឋានអាស៊ាន ពិភាក្សាការជំរុញនវានុវត្តន៍តំបន់ និងសមាហរណកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ឯកឧត្តម ហែម វណ្ណឌី បានរំលេចកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយបានសហការជិតស្និទ្ធជាមួយ​អាស៊ាន ដើម្បីគាំទ្រឧស្សាហូបនីយកម្ម និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់។ ឯកឧត្តមបាន​លើក​ឡើង​ថា៖ “កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្របខ័ណ្ឌ និងកិច្ចសហប្រតិបត្តិការ​អាស៊ាន ហើយយើងបន្តខិតខំជំរុញគំនិតផ្តួចផ្តើមនានា ដើម្បីអភិវឌ្ឍវិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​គុណភាពជាតិ និងសមាហរ័ណសហគ្រាសធុនមីក្រូ​ តូច និង​មធ្យម​​ទៅក្នុង​ខ្សែ​ច្រ​វាក់​តម្លៃតំបន់។”

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការចាកចេញពីឋានៈជា​ប្រទេស ដែលមាន​ការអភិវឌ្ឍ​តិច​តួច និងសារសំខាន់នៃសុខដុមនីយកម្មស្តង់ដាអាស៊ាន ដើម្បីកាត់បន្ថយ​របាំង​បច្ចេកទេស​ចំពោះ​ពាណិជ្ជ​​​កម្ម។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកឡើងថា នេះជាឆ្នាំទី១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរយៈពេល១០ឆ្នាំរបស់អាស៊ាន ហើយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាន់តែមានសារសំខាន់ នៅ​ក្នុង​បរិវត្តកម្មសេដ្ឋកិច្ចតំបន់។

ឯកឧត្តមបានបន្ថែមថា៖ “ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីគន្លឹះក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសក្នុងការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យធ្វើសមាហរណកម្មចូលក្នុងខ្សែច្រវាក់តម្លៃអាស៊ាន និងសកល។”

ឯកឧត្តមអគ្គលេខាធិការ​អាស៊ាន ក៏បានរំលេចគំនិតផ្តួចផ្តើមតំបន់ថ្មីៗ រួមទាំងរបៀបវារៈបញ្ញាសិប្ប​និម្មិតអាស៊ាននៅក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន ដែលប្រទេសហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ព្រមទាំងសន្ទុះថ្មីនៃការជំរុញ​គម្រោង​បណ្តាញអគ្គិសនីអាស៊ាន។

កិច្ចពិភាក្សាក៏បានផ្តោតលើកិច្ចខិតខំរបស់កម្ពុជា លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ការប្រើប្រាស់បញ្ញា​សិប្ប​​និ​ម្មិត, ​ការ​បង្កើតមូលនិធិស្រាវជ្រាវជាតិដើម្បីសម្របសម្រួលការស្រាវជ្រាវនិងអភិវឌ្ឍន៍នៅទូទាំងប្រទេស, ព្រមទាំងការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤។

ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកអំពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហ​គ្រាស​ធុនមីក្រូ តូច និងមធ្យម ព្រមទាំងសន្ទុះនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបច្ចុប្បន្នកើនឡើងដល់ប្រមាណ៣០ម៉ឺននាក់ និងអត្ថប្រយោជន៍កាន់តែទូលំទូលាយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តកម្ពុជាឱ្យបន្តពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយបញ្ជាក់ថា ភាពជោគជ័យរបស់សហគ្រាសទាំងនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់កំណើនសេដ្ឋកិច្ចតំបន់។

You missed

error: Content is protected !!