
កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយណែនាំ បែបបទនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ) ឆ្នាំ២០២៥ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយណែនាំ បែបបទនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ) ឆ្នាំ២០២៥ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធាន អនុប្រធានមន្ទីរ អង្គភាព លោកអភិបាលអភិបាលរងក្រុង/ស្រុកទាំង៩ លោកមេឃុំ ចៅសង្កាត់ទាំង៨១ឃុំជាច្រើនរូបផងដែរ។
លោកជំទាវអភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ដោយអនុវត្តតាមអនុលោម តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក៏ដូចជាអនុវត្តតាមគោលការណ៍ណែនាំ ផ្សេងៗ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការក្នុងការគ្រប់គ្រង និងចាត់ចែង ទ្រព្យសម្បត្តិរដ្ឋ បានខិតខំដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ជាច្រើន ជាពិសេសកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរហូតទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អប្រសើរ ស្របទៅតាមកម្មវិធីកំណែ ទម្រង់អាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានបន្តទៀតថាក្នុងនោះ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក៏ជាផ្នែកមួយដ៏សំខាន់នៃ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ដូច្នេះក្នុងនាមក្រសួង-ស្ថាប័ន ដែលជាអាជ្ញាធរ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋត្រូវខិតខំការពារ គ្រប់គ្រង ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋប្រកបដោយការ យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ជូនរដ្ឋក្នុងនាមរាជរដ្ឋាភិបាល។ កិច្ចការនេះសំដៅដល់ការកត់ត្រាទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមបែបបទ និងនីតិវិធីដែលក្រសួងសេដ្ឋកិច្ច.និងហិរញ្ញវត្ថុបានណែនាំ ក្នុងន័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ.ប្រកបដោយស័ក្តិសិទ្ធភាព និងគណនេយ្យភាព។ អត្ថបទលោក ធូ កែវមុន្នី












You must be logged in to post a comment.