
(កំពង់ធំ)÷ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងពោរពេញដោយអត្ថន័យលោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានជួបសំណេះសំណាលជាមួយបងប្ងូនជនជាតិភាគតិចកួយ ក្នុងពិធីបុណ្យឆ្លងសាលាឆទាន ស្ថិតនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។
លោក ឃីម សុខឃាង កោតសរសើរបងប្អូនជនជាតិភាគតិចកួយចេះសាមគ្គីគ្នា ដើម្បីអភិរក្ស និងអភិវឌ្ឍសហគមន៍
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ និងបញ្ហាប្រឈមនានារបស់បងប្អូននៅក្នុងមូលដ្ឋាន លោក ឃីម សុខឃាង បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះសរចំពោះបងប្អូនជនជាតិដើមភាគតិចកួយ ដែលតែងតែរក្សាបាននូវស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ចេះជួយគ្នា និងការខិតខំថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដ៏ល្អផូរផង់របស់ជនជាតិដើមភាគតិចកួយ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ឱ្យមានភាពរឹងមាំ និងមានអត្តសញ្ញាណច្បាស់លាស់»។
ក្នុងឱកាសនេះដែរលោកអភិបាលស្រុក ក៏បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗជាច្រើនដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងឃុំឈូក រួមមាន៖ស្ពានឆ្លងស្ទឹងសែន៖ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានបេតុងអន្សរក្រហាយ៖ ដែលសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ផ្លូវកៅស៊ូថ្មីតភ្ជាប់ពីភូមិតាអោក ទៅភូមិកំពីងតាគង់។ សាលារៀនជាច្រើនខ្នងត្រូវបានសាងសង់ ដើម្បីផ្ដល់ឱកាសសិក្សាដល់កុមារក្នុងតំបន់ ស្ពានបេតុងមួយកន្លែងទៀត កំពុងស្ថិតក្នុងដំណាក់កាលសិក្សាដើម្បីសាងសង់ក្នុងពេលឆាប់ៗនេះ។
លោក ឃីម សុខឃាង អភិបាលស្រុក ក៏បានឆ្លៀតឱកាសលើកទឹកចិត្តយ៉ាងទទូចដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ឱ្យបញ្ជូនកូនចៅទៅរៀនសូត្រឱ្យបានគ្រប់ៗគ្នា ៖«មានតែការរៀនសូត្រ និងចំណេះដឹងតែមួយគត់ ដែលជាកូនសោរដ៏សំខាន់ក្នុងការផ្លាស់ប្តូរវាសនាខ្លួនឯង គ្រួសារ និងអភិវឌ្ឍសហគមន៍យើងឱ្យកាន់តែរីកចម្រើនទៅមុខ»។
ជាទីបញ្ចប់ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសមិទ្ធផលនានាដែលសម្រេចបានមកនេះ ឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។ ចំពោះបញ្ហាប្រឈមដែលបងប្អូនបានលើកឡើង លោកនឹងខិតខំដោះស្រាយតាមលទ្ធភាពជាក់ស្ដែង និងរៀបចំជាសំណើដាក់ជូនក្រុមការងារ និងថ្នាក់លើ ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត។ អត្ថបទ រដ្ឋបាលស្រុកប្រាសាទសំបូរ















You must be logged in to post a comment.