Wed. Jan 21st, 2026

សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ប្រគល់ទេយ្យទានជូនវីរកងទ័ពជួរមុខ ចំនួន ១៣៣នាក់ ប្រចាំយោធភូមិភាគទី៤ នៅភូមិខ្នាផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប

ខេត្តសៀមរាប — នៅរសៀលថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ក្នុងការប្រគល់ទេយ្យទានជូនវីរកងទ័ពជួរមុខ ចំនួន ១៣៣នាក់ ប្រចាំយោធភូមិភាគទី៤ នៅភូមិខ្នាផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ក្នុងឱកាសនោះ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល បានមានព្រះថេរៈដីកាសម្តែងអនុមោទនា និងសម្តែងទឹកព្រះទ័យថ្លែងអំណរគុណកងទ័ពជួរមុខទាំងអស់ជាខ្សែការពារសន្តិភាព និងអធិបតេយ្យភាពជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារប្រទេសជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនាបង្រៀនឲ្យរស់នៅក្នុងសីលធម៌ កតញ្ញូ និងការលះបង់ ហើយព្រះសង្ឃ ពុទ្ធបរិស័ទ ត្រូវចូលរួមគាំទ្ររដ្ឋ និងកងទ័ព ដើម្បីថែរក្សាសន្តិភាព សាមគ្គីភាព និងសណ្តាប់ធ្នាប់សង្គមជាតិ។ សម្តេចក៏បានប្រសិទ្ធិពរជ័យជូនវីរកងទ័ពទាំងអស់ មានសុខភាពល្អ សេចក្តីក្លាហាន និងសុវត្ថិភាពក្នុងការបំពេញភារកិច្ចជានិច្ច។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ឈួរ សុបញ្ញា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចព្រះធម្មលិខិត ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងមហាឧបាសក មហាឧបាសិកា និងសប្បុរសជនទាំងអស់ ដែលបានចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ។ ឯកឧត្តមបានបញ្ជាក់ថាទេយ្យទាននៅថ្ងៃនេះ មិនត្រឹមជាជំនួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងផ្លូវចិត្តដ៏មានតម្លៃ ដែលជួយពង្រឹងស្មារតីកាតព្វកិច្ច សេចក្តីស្រឡាញ់ជាតិនិងភាពរឹងមាំរបស់កងទ័ពក្នុងការបំពេញបេសកកម្មការពារជាតិមាតុភូមិ។

លើសពីនេះទៀត ឯកឧត្តមបន្តទៀតថា ព្រះថេរៈដីកាពិតជាបានលើកស្ទួយស្មារតី ការបន្តជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខដឹកនាំកងទ័ព ដែលបានដឹកនាំប្រទេសជាតិឱ្យរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ និងការអភិវឌ្ឍជាបន្តបន្ទាប់។ កងទ័ពជួរមុខត្រូវបានជំរុញឱ្យបន្តស្មោះត្រង់ ចូលរួមគាំទ្រយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាល ស្តាប់នូវរាល់បទបញ្ជារបស់ប្រមុខកងទ័ព និងរួមចំណែកថែរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសាន្តរបស់ប្រជាជន។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសាមគ្គីភាពខ្ពស់ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលសុទ្ធសឹងតែបង្ហាញពីស្មារតី ជួរមុខ–ជួរក្រោយ រួមចិត្តរួមថ្លើម ជឿជាក់លើរាជរដ្ឋាភិបាល និងប្រមុខកងទ័ព ដើម្បីការពារសន្តិភាព និងអនាគតដ៏ចីរភាពរបស់ជាតិមាតុភូមិ។ ទេយ្យទានដែលត្រូវប្រគល់ជូនវីរកងទ័ពជួរមុខទាំង ១៣៣នាក់មានដូចជា:
-អង្ករ ២៦០០ គីឡូក្រាម
-មីជាតិ ១៣៣កេស
-ទឹកស៊ីអ៉ីវ ១៣៣យួរ
-អាវរងា ១៣៣អាវ
-ទឹកបរិសុទ្ធ ១៣៣កេស
-ក្រមា ១៣៣
-អំបុកលីង ១៣៣ដប
-សម្ភារៈចម្រុះ ១៣៣កញ្ចប់
-អាយកូម ៣០គ្រឿង
-ថវិកា ១៣,៣០០,០០០៛
-និងផ្សេងៗ ១២,២០០,០០០៛
+សរុបថវិកា ២៥,៥០០,០០០៛(ដោយមិនគិតរួមបញ្ចូលផ្នែកទេយ្យទាន)

You missed

error: Content is protected !!