Sat. Apr 4th, 2026

រដ្ឋសភាកម្ពុជា សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រឥណ្ឌា ជំរុញការទប់ស្កាត់ជំងឺមិនឆ្លងឱ្យកាន់តែមានប្រសិទ្ធភាព

វិមានរដ្ឋសភា៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦

បានដឹកនាំសមាជិក សមាជិកា បើកកិច្ចពិភាក្សាការងារជាមួយសមាគមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៃប្រទេសឥណ្ឌា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Gupta។

កិច្ចពិភាក្សានេះ បានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ក្នុងការពង្រឹងការទប់ស្កាត់ជំងឺមិនឆ្លង (NCDs) ជាពិសេសជំងឺទឹកនោមផ្អែមនៅកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងថា ទោះបីជាកម្ពុជាបានខិតខំផ្សព្វផ្សាយ និងណែនាំអំពីការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅយ៉ាងសកម្មក៏ដោយ ក៏អត្រានៃជំងឺមិនឆ្លងនៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់។ កត្តាចម្បងដែលរុញច្រានឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ គឺដោយសារការនិយមបរិភោគអាហារកែច្នៃ និងភេសជ្ជៈដែលមានកម្រិតជាតិផ្អែមហួសកម្រិត។

យោងតាមរបាយការណ៍រួមរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ស្ថានភាពជំងឺមិនឆ្លង (NCDs) កំពុងស្ថិតក្នុងកម្រិតអាសន្ន៖

មូលហេតុចម្បងនៃមរណភាព៖ ជំងឺបេះដូង សរសៃឈាម មហារីក ផ្លូវដង្ហើមរ៉ាំរ៉ៃ និងទឹកនោមផ្អែម ជាឃាតករលាក់មុខដែលបង្កឱ្យមានមរណភាពប្រមាណ ៦៤% ទៅ ៦៧% នៃមរណភាពសរុបនៅកម្ពុជា។ ជារៀងរាល់ឆ្នាំ មានប្រជាពលរដ្ឋប្រមាណ ៦០,០០០ នាក់ (ឬប្រហែល ១៦៤ នាក់ក្នុងមួយថ្ងៃ) បានបាត់បង់ជីវិតដោយសារជំងឺទាំងនេះ ក្នុងនោះប្រមាណ ២០% នៃប្រជាជនកម្ពុជា ប្រឈមនឹងហានិភ័យស្លាប់មុនអាយុ ៧០ ឆ្នាំ ដោយសារជំងឺមិនឆ្លង។

ផ្អែកតាមការអង្កេត STEPS Survey កត្តាហានិភ័យសំខាន់ៗរួមមាន៖ ការប្រើប្រាស់គ្រឿងស្រវឹង និងបារីនៅតែមានកម្រិតខ្ពស់, ការបរិភោគប្រៃលើសកម្រិត (មធ្យមភាគ ១០ក្រាម/ថ្ងៃ ដែលលើសពីការណែនាំរបស់ WHO ទ្វេដង) និងកង្វះសកម្មភាពរាងកាយ ឬការហាត់ប្រាណ។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនេះ គណៈកម្មការទី៨ នៃរដ្ឋសភា បានចុះយុទ្ធនាការយ៉ាងសកម្មនៅតាមបណ្តាខេត្ត រោងចក្រ សាលារៀន និងមណ្ឌលសុខភាព ក្រោមសារអប់រំដ៏មានឥទ្ធិពលគឺ៖ «អំបិលតិច ស្ករតិច និងខ្លាញ់តិច»។ កិច្ចខិតខំប្រឹងប្រែងនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាល និងការបង្ការជំងឺមិនឆ្លងឱ្យបានជាអតិបរមា។

លោកជំទាវប្រធានគណៈកម្មការ ក៏បានស្នើឱ្យលោកវេជ្ជបណ្ឌិត Gupta ចែករំលែកនូវបទពិសោធន៍ជោគជ័យ និងផ្តល់មតិយោបល់បច្ចេកទេសលើការទប់ស្កាត់ជំងឺ។ បន្ថែមពីនេះ លោកជំទាវបានសំណូមពរឱ្យភាគីឥណ្ឌា ជួយបណ្តុះបណ្តាលជំនាញឯកទេស និងការប្រើប្រាស់ឧបករណ៍បរិក្ខារពេទ្យទំនើបៗដល់គ្រូពេទ្យកម្ពុជា ដើម្បីពង្រឹងសមត្ថភាពព្យាបាលឱ្យកាន់តែប្រសើរ។

ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត Gupta បានកោតសរសើរចំពោះភាពម្ចាស់ការ និងគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់រដ្ឋសភាកម្ពុជា។ លោកបានគូសបញ្ជាក់ថា ជំងឺមិនឆ្លងមិនត្រឹមតែជាបញ្ហាសុខភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបន្ទុកសកលដែលបំផ្លាញធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកបានសង្កត់ធ្ងន់ថា៖ «យើងត្រូវផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធ តាំងពីការបង្កើតលំហសាធារណៈសម្រាប់ហាត់ប្រាណ រហូតដល់ការអប់រំឱ្យមានការយល់ដឹងស៊ីជម្រៅពីរបបអាហារ»។

លោកវេជ្ជបណ្ឌិត ក៏បានបង្ហាញក្ដីរីករាយក្នុងការសហការបណ្តុះបណ្តាលគ្រូពេទ្យឯកទេសនៅកម្ពុជា ដោយក្នុងដំណើរទស្សនកិច្ចនេះ លោកក៏មានកម្មវិធីចែករំលែកបទពិសោធន៍បច្ចេកទេស ជាមួយគ្រូពេទ្យកម្ពុជាតាមមន្ទីរពេទ្យធំៗផងដែរ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង៕

error: Content is protected !!