Mon. Sep 1st, 2025

ម៉ាឡេស៊ីបង្ហាញជំហរគាំទ្រការបង្កើនភាពបៃតងនៅកម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ប្រកាសគាំទ្រ យុទ្ធនាការ«ពន្លកបៃតង» របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ដើម្បីជំរុញចលនាបណ្តុះ និងកាចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំឱ្យបានច្រើនជារៀងរាល់ឆ្នាំនៅកម្ពុជា។

ការបង្ហាញការគាំទ្រនេះ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច នៅថ្នាល់បណ្តុះកូនឈើថ្នាលតំបន់ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងវាយតម្លៃខ្ពស់និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន បានបង្កើតជាថ្នាលបណ្តុះកូនឈើខ្នាតតំបន់ មួយចំនួន បន្ថែមទៀត ដែលសង់ឡើងដោយមានហេដ្ឋារចនាសម្ព័ន្ធ ថ្នាល់បណ្តុះកូនឈើ សង់ឡើងជាជួរ មានសោភ័ណភាព និងមានការគ្រប់គ្រងប្រកបដោយនិរន្តរភាព ជាពិសេសបានបំពាក់ប្រព័ន្ធស្រោចស្រព ដោយការប្រើប្រាស់ថាមពលសូឡា។

បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា និងបំណងគាំទ្រចែករំលែកជំនាញ និងធនធានជួយដល់វិស័យបរិស្ថាន។ ការបង្កើនការបណ្តុះកូនឈើនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត ថា ម៉ាឡេស៊ីមានបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបរិស្ថានរួមគ្នា ដោយក្នុងនោះមានការចែករំលែកបទពិសោធន៍ជំនាញ និងបច្ចេកទេស ដើម្បីឱ្យការបណ្តុះកូនឈើ បានច្រើ់នបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកអគ្គរាជទូត ដែលបានមកបំពេញទស្សនកិច្ច នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលក្រសួងបង្កើតឡើង ដើម្បីជំរុញចលនាបណ្តុះ និងកាចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំឱ្យបានច្រើនជារៀងរាល់ឆ្នាំនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តម្ភទី២ បានលើកឡើង«ភាពបៃតង»។

«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានដាក់ចេញស្របនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការ«ពន្លកបៃតង» ដើម្បីជំរុញឱ្យមានការចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របព្រៃ និងឆ្ពោះទៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ដើម្បីជំរុញការបណ្តុះកូនឈើ នៅតាមថ្នាល របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបង្កើតថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ចំនួន៥កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង នៅឆ្នាំ២០២៥ បានកូនឈើសរុបចំនួន ៣ ៤៥៤ ៤៧២ ដើម ក្នុងនោះមាន ឈើហូបផ្លែចំនួន១៤៦ ៣៣២ ដើម, ឈើព្រៃចំនួន ១ ៩៣៣ ៧៣៦ ដើម និងកូនត្នោតចំនួន១ ៣៧៤ ៤៣៤ដើម។

ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋ ដាំដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះកូនឈើតំបន់នានាទូទាំងប្រទេស។ រហូតមកដល់ដំណាច់ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានបន្តចែកកូនឈើចម្រុះ នៅតាមន្ទីរបរិស្ថានរាជធានីខេត្តនានា ទូទាំងប្រទេស និងតាមថ្នាល់បណ្តុះកូនឈើ របស់មន្ទីរបរិស្ថាន ដៃគូអភិវឌ្ឍន៍ សប្បុរសជន សហគមន៍តំបន់ការពារធម្មជាតិ និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ បានចំនួន២,៧ លានដើម ក្នុងនោះកូនត្នោតប្រមាណ ៩០ ម៉ឺនដើម ជូនប្រជាពលរដ្ឋដាំ ដោយឥតគិតថ្លៃរួចមកហើយ។

ដោយឡែក ដើម្បីឱ្យស្របតាមរដូវកាល ក្នុងឆ្នាំ២០២៥ សាធារណជន អាចបន្ត មកទទួលយកកូនឈើ ពីថ្នាលបណ្តុះកូនឈើនានារបស់មន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងនោះសាធារណជនអាចមកទទួលយកកូនឈើ ចាប់ពីការជូនដំណឹងនេះ នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងស្រុកអូររាំអឪ ខេត្តត្បូងឃ្មុំ ដែលមាននឈើចម្រុះ ចំនួនជាង ៣០ម៉ឺនដើម ក្នុងមានប្រភេទឈើបេង នាងនួន រាំងទឹក ដើមគរ ដើមអំពិលទឹកបារាំង(ច័ន្ទគីរី) ដើមអំពិលផ្អែម ដើមក្ងោក លឿងរាជ និងដើមផ្កាក្រដាស ជាដើម។

ដើម្បីទទួលបានកូនឈើយកទៅដាំ នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
សូមទំនាក់ទំនងមកក្រសួងបរិស្ថាន ឬទាក់ទង៖
១) ឯកឧត្តម ខ្វៃ អាទិត្យា (Tel & Telegram: 012 683 968)
២)លោកជំទាវ មាស ច័ន្ទធីតា (Tel & Telegram: 095 585 887)
និង៣) ឯកឧត្តម សែម ហាក់ (Tel & Telegram: 085 755 566)

You missed