
(កំពង់ស្ពឺ)៖ តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញធ្វើដំណើរកម្សាន្ត លើភ្នំខ្នងផ្សា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យដោយផ្ទាល់លើងំបន់ខ្នងភ្នំខ្នងផ្សា ក្នុងជួរឧទ្យានជាតិភ្នំក្រវាញ ដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង។

ស្របតាមគោលបំណងសំខាន់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺដើម្បីជំរុញឱ្យមានការអភិវឌ្ឍគោលដៅលំហែបៃតងនេះ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាការអភិរក្សក្សជីវៈចម្រុះ និងធនធានធម្មជាតិ។
ក្រុមការងារពិសេសបាន សហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សាខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ។
-សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកម្សាន្តនៅទីនេះ។

-សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។
គម្រោងអភិវឌ្ឍន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។
សូមបញ្ជាក់ ថា ភ្នំខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នៅទីនេះ គឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ។ វាមានកម្ពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ភ្នំខ្នងផ្សា មានទេសភាពស្អាតគ្រប់រដូវកាល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅទីនេះ កន្លងមកមានសហគមន៍ទេសចរណ៍ខ្នងផ្សា ដែលមានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត៕


















You must be logged in to post a comment.