Wed. May 20th, 2026

ភ្នំពេញ៖ កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល។

សូមជម្រាបថាការ​​សម្រេច​​អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅថ្ងៃនេះរបស់ព្រឹទ្ធសភានៃកម្ពុជា បន្ទាប់ពី រដ្ឋសភានៃ កម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្រេច​អនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ នៃអង្គប្រជុំរដ្ឋសភាទាំងមូលក្រោមអធីបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ទី១ គឺ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ ជំពូក និង ២០ មាត្រា។

សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ៕

error: Content is protected !!