រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមជម្រាបជូនសាធារណៈជន ជ្រាបថា៖ ពាក់ព័ន្ធការចុះផ្សាយព័ត៌មាន ចោទប្រកាន់ថា៖ មានជនខិលខូចមានអំណាច មួយក្រុមបានកំពុងកាប់ទន្ទ្រានដីព្រៃលិចទឹក និងចាក់ដីលុប ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ស្ថិតនៅភូមិទូលសាងាំ ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺពុំមែនជាការពិតនោះទេ ព្រោះទីតាំងដីខាងលើនេះគឺជាដីរបស់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។
ស្របតាមអនុក្រឹត្យលេខ២៥៥ អនក្រ.បក កាត់ឆ្វៀលដីទំហំ ៧៦៥,០០០ ម៉ែត្រការ៉េ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ និងស្របតាម ស.ជ.ណ លេខៈ ១០៩៤ អនុញ្ញាតកាត់ឆ្វៀលដីទំហំ ៧៦៥,០០០ ម៉ែត្រការ៉េ ពីគម្របព្រៃឈើឆ្នាំ២០០២ និងដែនព្រៃលិចទឹក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ អាស្រ័យផលជាយូរឆ្នាំមកហើយ។
ចំពោះសកម្មភាពដែលប្រជាពលរដ្ឋកំពុងធ្វើនោះគឺពួកគាត់អភិវឌ្ឍន៍ដីធ្វើកសិកម្មដាំដំណាំដូង ស្ថិតក្នុងប្លង់កម្មសិទ្ធិរបស់គាត់តែប៉ុណ្ណោះ។
រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ ដែលនាំឲ្យសាធារណៈជនមានការភាន់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងអង្គភាពស្ថាប័នរដ្ឋ ចំពោះកិច្ចខិតខំការពារដីសាធារណៈរបស់រដ្ឋ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរស្រុក ។
ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងប្តេជ្ញាថែរក្សាការពារ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសរំលោភបំពានដីសាធារណៈរបស់រដ្ឋឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព។អាស្រ័យហេតុនេះ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន។
You must be logged in to post a comment.