
រដ្ឋមន្រ្ដីក្រសួងការងារ៖ កម្ពុជានឹងមានរោងចក្រផលិតក្រណាត់ក្នុងស្រុកនៅឆ្នាំ២០២៧ ដើម្បីគាំទ្រដល់វិស័យកាត់ដេរ និងវាយនភណ្ឌ
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងឱ្យដឹងថា នៅឆ្នាំ២០២៧ខាងមុខនេះ កម្ពុជានឹងមានរោងចក្រផលិតក្រណាត់នៅក្នុងស្រុកដោយខ្លួនឯង ដែលនឹងជួយកាត់បន្ថយការនាំចូលពីខាងក្រៅ។ ហើយក៏នឹងធ្វើបន្ថែមឱ្យវិស័យឧស្សាហកម្មកាត់ដេរកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ កាលពីសប្តាហ៍កន្លងទៅ បានមានប្រសាសន៍ថា ការវិវឌ្ឍនេះ នឹងធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប កាន់តែមានភាពធន់ និងបង្កើនផលិតភាពខ្ពស់ជាងមុន។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៧ខាងមុខ នៅពេលកម្ពុជាមានរោងចក្រផលិតក្រណាត់ដោយខ្លួនឯង វានឹងក្លាយជាខឿនការពារភាពធន់យ៉ាងរឹងមាំ ដែលមានកម្លាំងផលិតកម្មលើសពីជាង ៤០% ដែលជាកត្តាគន្លឹះក្នុងការរក្សាបាននូវការលើកលែងពន្ធសម្រាប់ការនាំចេញទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុបជាដើម។
នៅក្នុងកម្មវិធីដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងដោយរំលឹកពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិអំពីអត្ថន័យនៃប្រធានបទសម្រាប់ឆ្នាំ២០២៦នេះ គឺ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលប្រធានបទនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីនៃទិវាពលកម្មអន្តរជាតិ ដោយបានក្រើនរំលឹកថា ថ្ងៃទី១ ឧសភា គឺជាថ្ងៃរំលឹក ប៉ុន្តែការអនុវត្តជាក់ស្តែងគឺជាកាតព្វកិច្ចប្រចាំថ្ងៃដែលនិយោជក មន្ត្រីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ត្រូវតែបន្តសហការអនុវត្តតាមលក្ខខណ្ឌការងារឱ្យបានខ្ជាប់ខ្ជួន ដើម្បីជាផលប្រយោជន៍រួម និងជាកម្លាំងចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕





You must be logged in to post a comment.