
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កងកម្លំាងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងលោកអគ្គនាយកក្រុមហ៊ុន ហេង ឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារសពដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកើតឡើងលើប្រជាពលរដ្ឋ និងកុមារ បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស ចំនួន៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្ម ដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នើស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មើស។
អភិបាលខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារ ចុះជួយខេត្តកំពង់ចាមជូនគ្រួសារសពផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានចូលរួមជាបច្ច័យចំនួន ៥.០០០.០០០រៀល អ្នកឧកញ៉ា ហេង ឡុង បបច្ច័យចំនួន ៤.០០០.០០០រៀល លោក បាន ស្រេង អភិបាលស្រុក បច្ច័យចំនួន ៥០០.០០០រៀល សរុប ៩.៥០០.០០០រៀល។
អភិបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែវិច្ឆិកា លោកនឹងរៀបចំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាមកផ្តល់ជូនបន្ថែមទៀត ឯចំពោះការចំណាយក្នុងការរៀបចំកម្មវិធីបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនា គឺជាបន្ទុករបស់រដ្ឋបាលខេត្តកំពង់ចាម។
លោកអភិបាលខេត្ត និងក្រុមការងារ បានឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធនៃសពបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត៕










You must be logged in to post a comment.