
នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នៅទីស្តីការក្រសួងមាន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង តំណាងរដ្ឋបាលរាជធានីខេត្ត ប្រធានមន្ទីររាជធានីខេត្ត និងមន្ត្រីរាជការក្រសួងព័ត៌មានប្រមាណ ៧០០នាក់។

ក្នុងឱកាសនោះផងដែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួនដូចជា៖ ទី១ ជំរុញការងារគ្រប់គ្រងសារព័ត៌មាន និងសាធារណមតិនេះ ដែលផ្តល់ជូនសាធារណជនទទួលបានព័ត៌មាន ខណៈមានការផ្លាស់ប្តូរ ពីទទួលព័ត៌មានតែពីប្រព័ន្ធផ្សព្វផ្សាយបុរាណ មានកាសែត វិទ្យុ ទូរទស្សន៍ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានងាកទៅទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយទំនើបវិញ ដែលរួមមានហ្វេសបុក និងតិកតុក វិញ ។

ទី២ ការប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការបម្រើជាតិ ប្រជាជន និងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងធ្វើឱ្យកម្ពុជាក្លាយជាទឹកដីដ៏ពិសិដ្ឋប្រកបដោយសុខសន្តិភាពយូរអង្វែង និងវិបុលភាពឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
និងទី៣ មន្ទីរព័ត៌មានរាជធានី-ខេត្ត បំពេញការងារគ្រប់គ្រងសារព័ត៌មាន និងសាធារណៈមតិនេះ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយពីមូលដ្ឋាន តាមរយៈត្រួតពិនិត្យមើលព័ត៌មានដែលមាននៅលើបណ្តាញសង្គម ហ្វេសបុកនិងតិកតុក ណាដែលត្រឹមត្រូវ គឺត្រូវ ចែករំលែកបន្ត ប៉ុន្តែក្នុងករណី ព័ត៌មានក្លែងក្លាយ គឺត្រូវបន្សាប ដោយផ្សាយព័ត៌មានពិតហើយធ្វើឡើងឱ្យបានឆាប់រហ័ស។








You must be logged in to post a comment.