
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្រ្តាលី រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីបង្កើតក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូល ដើម្បីធានាភាពជាម្ចាស់ និងភាពស៊ីសង្វាក់គ្នារវាងភាគីពាក់ព័ន្ធក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិនេះ។
អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទន្ទឹមនឹងនោះជំរុញសមាហរណកម្មពួកគេទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមភាពសង្គម។

ការរៀបចំក្របខណ្ឌពិនិត្យ តាមដាន និងវាយតម្លៃនេះ ផ្អែកលើឧត្តមានុវត្តសកលនៃការឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងពិនិត្យផែនការសកម្មភាពបច្ចុប្បន្ននៃការអនុវត្តយុទ្ធសាស្ត្រជាតិរបស់កម្ពុជា។ ផ្ទាំងទិន្នន័យឌីជីថលនៃប្រព័ន្ធពិនិត្យ តាមដាន និងវាយតម្លៃ (M&E Dashboard) ត្រូវបានរៀបចំឡើង ដើម្បីសម្រួលដល់ការតាមដានវឌ្ឍនភាព។ ប្រព័ន្ធនេះក៏រួមមានមុខងារសំខាន់ៗ ដូចជាការកំណត់តួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នអនុវត្តយុទ្ធសាស្រ្ត នីតិវិធីគ្រប់គ្រងទិន្នន័យ ការប្រមូល និងវិភាគទិន្នន័យ ដើម្បីធានាការរាយការណ៍វឌ្ឍនភាពប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។





You must be logged in to post a comment.