Thu. Aug 14th, 2025

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហាមឃាត់ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅលើផ្លូវថ្មើរជើងចតុមុខ។

ក្នុងសេចក្ដីណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ គម្រោងផ្លូវថ្មើរជើង ចតុមុខ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០) ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការជារៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទី ចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ មកម៉្លេះ ដោយទទួលបានការអបអរសាទរ និងទទួលស្គាល់ថា ជាគោលដៅកម្សាន្តពេលរាត្រីថ្មីសម្រាប់រាជធានីភ្នំពេញ។
ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលកើតឡើងពីផ្សែងបារី ឬផលិតផលថ្នាំជក់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដូចតទៅ៖
១. ហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈ រួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន ឬហាងទំនិញនានា ដែលនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ តាមពេលវេលា និងម៉ោងដែលកំណត់សម្រាប់ដំណើរការផ្លូវថ្មើរជើង។
២. ត្រូវបិទសញ្ញាហាមជក់បារី នៅកន្លែងដែលហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី ឱ្យមើលឃើញ ច្បាស់ និងមានចំនួនគ្រប់គ្រាន់ស្របតាមទីតាំងជាក់ស្តែង។
៣. ហាមផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងបង្ហាញលក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ គ្រប់ទម្រង់។
៤. ហាមប្រើប្រាស់ ចែកចាយ ជួញដូរ ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់គ្រប់ប្រភេទ គ្រប់ទីកន្លែងនៃ បរិវេណុផ្លូវថ្មើរជើងចតុមុខ មានជាអាទិ៍ បារីអេឡិចត្រូនិច (E-Cigarettes) ឬ វេប (VAPE) ផលិតផល អេច ធី ភី (HTP) និងស៊ីហ្សា (Shisha) ជាដើម។
៥. គ្រប់បណ្តាមន្ទីរ-អង្គភាព រដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់ភោជនីយដ្ឋាន ហាងទំនិញ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលមកដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ និងចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព។
៦. សូមម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្ត សេចក្តីណែនាំនេះ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

You missed