ក្រោយពីទទួលបានបទបញ្ជាពី ឯកឧត្ដម អ៊ាង សុផ្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពត នៅរសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥ ក្រុមការងារជំនាញមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយរដ្ឋបាលស្រុកទឹកឈូ មន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យករណីបង្ហូរសំណល់រាវ ទឹកកខ្វក់ ចេញពីទីតាំងអាហារដ្ឋាន មានឈ្មោះថា ម៉ាក់ឈូឈូ ចូលក្នុងព្រែកទឹកឈូ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
ក្រោយពីធ្វើការត្រួតពិនិត្យតាមបច្ចេកទេស ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា លូបង្គន់បន្ទប់ទឹកអាហារដ្ឋានខាងលើ មានបរិមាណសំណល់រាវ ទឹកកខ្វក់ពេញហៀរចេញ ហូរចូលក្នុងព្រែកទឹកឈូ និងមានធុងស្តុទឹកចំនួន០១ធុង ប៉ុន្តែមិនដំណើរការ។
បន្ដមកក្រុមការងារដាក់ចេញនូវវិធានការណ៍ចំពោះអាហារដ្ឋានម៉ាក់ឈូឈូ ដូចខាងក្រោម៖
១.តម្រូវឱ្យម្ចាស់អាហារដ្ឋាន ម៉ាក់ឈូឈូ បញ្ឈប់ការបង្ហូរសំណល់រាវ ទឹកកខ្វក់ចូលព្រែកទឹកឈូ និងធ្វើការបូមលូស្តុកសំណល់រាវ ទឹកកខ្វក់ ចេញពីលូបង្គន់បន្ទប់ទឹកឱ្យបានរួចរាល់ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ
២.បញ្ឈប់ជាបន្ទាន់នូវការបង្ហូរសំណល់រាវ ទឹកកខ្វក់ ចូលក្នុងព្រែកទឹកឈូ ចាប់ពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ
៣.ត្រូវរៀបចំអាងចម្រោះ ឬធុងសិបទិកតាមលក្ខណៈបច្ចេកទេសចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ និងឱ្យរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
You must be logged in to post a comment.