Tue. Jan 21st, 2025

ភ្នំពេញ៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបង្ហាញមុខជនសង្ស័យចំនួន​ ៣នាក់ ដែលជាមុខសញ្ញាបាញ់ប្លន់យ៉ាងសកម្ម ១១ករណី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ នៅវេលាម៉ោង​ ១រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាល​ រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពី​សមត្ថកិច្ចជំនាញថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលទាំង​ ១៤ខណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ៣នាក់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយធ្វើសកម្មភាពពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន ១១ករណី ក្នុងនោះជនសង្ស័យទាំង​ ៣នាក់ បានធ្វើសកម្មភាពប្លន់នៅមូលដ្ឋានខណ្ឌដង្កោ ៣ករណី ខណ្ឌសែនសុខ ២ករណី ខណ្ឌកំបូល ២ករណី ខណ្ឌពោធិ៍សែនជ័យ ៣ករណី និងខេត្តកំពង់ស្ពឺ ១ករណី។

ក្នុងប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដាPCX ពណ៌ស សេរីឆ្នាំ២០២១ ពាក់ស្លាកលេខស្វាយរៀង 1P-7755 ចំនួន១គ្រឿង (ម៉ូតូធ្វើសកម្មភាព ទាំង១១ករណី) ឧបករណ៍សម្រាប់ដោះស្លាកលេខម៉ូតូមួយចំនួន និងគ្រាប់សម្រាប់កិបស្លាកលេខម៉ូតូចំនួន​ ១គូ។

ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

You missed