(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានរំឭកដល់មន្ត្រីនៅក្នុងពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗនៅក្នុងការបំពេញការងាររបស់ខ្លួន ដោយ ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយ ដែលនាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ ។ រីឯជនជាប់ឃុំវិញ ត្រូវចេះភ្ញាក់រឭក និងកែប្រែខ្លួនឱ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្លាយជាពលរដ្ឋល្អដែលជាផ្នែកមួយនៃការកសាងនិងអភិវឌ្ឍន៍ជាតិ ។ នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក្នុងឱកាសសំណេះសំណាល សួរសុខទុក្ខ និងការពិនិត្យស្ថានភាពសិទ្ធិមនុស្ស ក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ ក៏បានលើកឡើងពីការងារមួយចំនួន ក្នុងការរួមចំណែកដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ក្នុងពន្ធនាគារ ជាពិសេសតាមរយៈការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ ដែលបានរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។
ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចខិតខំរបស់ក្រសួង ក្នុងការផ្តល់សេវាសុខាភិបាលដល់ជនជាប់ឃុំទូទាំងប្រទេស ព្រមទាំងបានណែនាំដល់មន្ត្រីក្រោមឱវាទឱ្យ ចូលរួមកាន់តែសកម្ម ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់ជនជាប់ឃុំទាំងអស់នៅទូទាំងប្រទេស។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងសាទរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ចំពោះក្នុងការលើកកម្ពស់ ការរស់នៅ ក៏ដូចជាសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមផងដែរថា ការចុះមកផ្ទាល់នៅ ម២ ជាមួយថ្នាក់ដឹកនាំក្រសួងទាំងពីរ គឺក្នុងគោលបំណងសំខាន់មួយទៀត គឺដើម្បីនាំ យកសេវាយុត្តិធម៌ និងសេវាសុខាភិបាលមកកាន់មណ្ឌលផ្ទាល់តែម្តង ដែលស្របនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ មិនទុកនរណាម្នាក់ចោលឡើយ» ពោល ទាំងអ្នកនៅក្រៅ និងអ្នករស់នៅក្នុងទីកន្លែងឃុំឃាំង ត្រូវមានសិទ្ធិដូចគ្នាក្នុងការទទួលបានសេវាសង្គមផ្សេងៗ ។
សូមបញ្ជាក់ថា ៖ ការសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់អ្នកជាប់ឃុំនៅម២នេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ជនជាប់ឃុំជាស្ត្រីទូទៅ និងជាពិសេសស្ត្រី មានផ្ទៃពោះ និងស្ត្រីមានកូនតាមជាមួយ ព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការបន្តរួមគ្នា ដោះស្រាយបញ្ហាប្រឈមនានា ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុង ពន្ធនាគារ ៕
ប្រភព: APSARA អត្ថបទដោយ៖ គ្រី សម្បត្តិ
You must be logged in to post a comment.