Mon. May 18th, 2026

ក្រុម AOT បន្តចុះពិនិត្យផ្ទាល់ទីតាំងយោធាថៃកាន់កាប់ទឹកដីខ្មែរខុសច្បាប់ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះថា ការចុះសង្កេតការណ៍នៅទីតាំងដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់​ គឺបានគូសបញ្ជាក់ពីភាពចាំបាច់ និងដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា បន្ទាប់ពីបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅប្រាសាទព្រះវិហារ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព នៅក្នុងតំបន់ភូមិជោគ​ជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ​ដែល​យោធាថៃបានបើកការវាយប្រហារដោយកម្លាំង និងបន្ទាប់មក​បាន​រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រដើម្បីកាន់កាប់ដោយខុសច្បាប់ដោយបានរារាំងពលរដ្ឋខ្មែរជាច្រើនគ្រួសារមិនឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។បេសកកម្មរបស់ AOT នៅតំបន់ព្រំដែនគឺដើម្បីពិនិត្យលើការគោរពនិងការអនុវត្តបទឈប់បាញ់ និងវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមរវាងកម្ពុជាថៃចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។

ឯកឧត្តមបានថ្លែងថា ការចុះសង្កេតការណ៍នៅទីតាំងដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់​ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់និងដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

នៅថ្ងៃដដែលនោះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួល​របស់ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋកម្ពុជាបង្កបង្កើនផល និងអាស្រ័យផលជាយូរមកហើយ។ ទីតាំងនោះក៏ត្រូវបានកម្ពុជាបន្តកាន់កាប់ក្រោយបទឈប់បាញ់ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ​បានបញ្ជាក់ជាថ្មីថា ការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងគឺជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)​។ ក្នុងន័យនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងយោធា ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្មានសមត្ថកិច្ចចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្តែងនោះឡើយ។ ការងារផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនៅលើដីជាក់ស្តែង គឺជាសមត្ថកិច្ចរបស់ក្រុមវាស់វែងចម្រុះ (JSTs) ដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគី​ទាំងពីរ។

អ្នកនាំពាក្យបញ្ជាក់បន្ថែម កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលផ្ទុយពីអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម និងផែនទី ដែលជាលទ្ធផលការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកំណត់ហេតុកិច្ចប្រជុំនិងកំណត់​ហេតុបោះបង្គោល​របស់គណៈកម្មការឥណ្ឌូចិន-សៀម ក៏ដូចជាកំណត់ហេតុរបស់គណៈកម្មការ JBC, MOU 2000 និងTOR 2003 ជាដើម។ លើសពីនេះ កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត។ កម្ពុជាជំរុញឱ្យភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ដើម្បីបន្តការងារ ព្រមទាំងស្នើរៀបចំកិច្ចប្រជុំគណៈកម្មការ JBC នៃភាគីទាំងពីរឱ្យបានឆាប់បំផុត។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា​ រាជរដ្ឋាភិបាលកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាពនិងស្ថិរភាពយូរអង្វែង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនថា ក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគី(កម្ពុជា ហ្វីលីពីន និងថៃ) នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយគ្មានការពន្យារពេលបន្តទៀត៕

You missed

error: Content is protected !!