
ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តី
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមអនុវត្តយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តី នៅថ្ងៃ១១ ខែវិច្ឆិកានេះ ដោយចេញដំណើរពីអង្គភាពខ្លួនមុនគេ។ ថ្នាក់ដឹកនាំតាមអង្គភាពនីមួយៗ នៃក្រសួងមុខងារសាធារណៈ រួមទាំងលោក ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារ ក៏បានចូលរួមក្នុងដំណើរការជំរឿននេះដែរ។
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្ដែង គឺដើម្បីកំណត់ភាពច្បាស់លាស់ រចនាសម្ព័ន្ធគ្រប់កម្រិត-គ្រប់ប្រភេទ និងធ្វើបច្ចុប្បន្នភាពចំនួនមន្រ្តីកំពុងបម្រើការងារជាក់ស្ដែង ពិសេសគ្រប់គ្រងស្ថានភាពមន្រ្តីតាមអង្គភាព។ បន្ទាប់ពីក្រសួងមុខងារសាធារណៈ គណៈកម្មការជំរឿន នឹងបន្តទៅក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រត្តិបត្តិ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន។
មន្រ្តីនៃអង្គភាពចំណុះ ដែលនឹងត្រូវជំរឿននិងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធជាក់ស្ដែង មានខុទ្ទកាល័យ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពចំណុះផ្ទាល់ថ្នាក់ជាតិ និងក្រោមជាតិ អគ្គាធិការដ្ឋាន អង្គភាពសវនកម្មផ្ទៃក្នុងវិទ្យាស្ថាន និងលេខាធិការដ្ឋានជាដើម។ ចំណែកគ្រឹះស្ថានសិក្សាសាធារណៈ នឹងត្រូវជំរឿន និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធជាក់ស្ដែង ចាប់ពីគ្រូកម្រិតមត្តេយ្យសិក្សា ដល់វិទ្យាល័យ។ រីឯអង្គភាពសុខាភិបាលមូលដ្ឋាន មានកម្រិតមន្រ្តីផ្ដល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ និងកម្រិត២ (CPA1 និង CPA2)៕











You must be logged in to post a comment.