Sun. May 24th, 2026

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសរងគ្រោះពិតប្រាកដពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា និងជា​ប្រធាន​គណបក្ស​ប្រជាជន​បានអះអាងថា កម្ពុជាគឺជាប្រទេសដែលរងគ្រោះយ៉ាងពិតប្រាកដ ពីក្រុមឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scam)។

សម្ដេចតេជោ បានបញ្ជាក់បែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាព​នា​​នា​ជាង ៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។

ក្នុងឱកាស​នោះ​សម្ដេចបានស្នើដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ត្រូវសួរចម្លើយ​ចំពោះ​ឧក្រិដ្ឋ​ជន​ដែល​បានចាប់ខ្លួនឱ្យបានច្បាស់លាស់ថា តើពួកគេចូលមកកម្ពុជាតាមណា ឬប្រទេសណា ដោយ​សារ​តែពួកគេគ្មាន លិខិតឆ្លងដែន ឬទិដ្ឋាការឡើយ។

សម្ដេចតេជោ​បានលើកឡើងថា ប្រទេសរបស់កម្ពុជា ត្រូវបានបំផ្លាញមុខមាត់ កិត្តិយស និង​សេច​ក្តី​ថ្លៃ​ថ្នូរ ដោយក្រុមឆបោកតាមប្រព័ន្ធអនឡាញ។ សម្ដេចតេជោ បានអះអាងថា ថ្ងៃក្រោយ​ប្រសិន​បើ​ក្រុម​ឆបោកតាមអនឡាញនេះបន្តមានវត្តមាននៅកម្ពុជាទៀត ប្រជាជនកម្ពុជា​នឹង​មាន​គ្រោះ​ថ្នាក់ ​ហើយមិនថាតែប្រជាជននោះឡើយ មន្ត្រីរដ្ឋាភិបាលក៏អាចមានគ្រោះថ្នាក់ផងដែរ។

សម្ដេច​បាន​មានប្រសាសន៍ថា តើអ្នកដែលចូលមកកាន់ប្រទេសកម្ពុជាបាន ដោយមិនមាន​លិខិត​ឆ្លង​ដែន ​ពួកគេមកតាមណាឲ្យពិតប្រាកដ បញ្ហានេះត្រូវតែជាសំណួរដែលមានចម្លើយ។

សម្ដេច​តេជោបន្តបញ្ជាក់ថា៖«កម្ពុជាមិនមានភ្ជាប់ជើងហោះហើរចម្ងាយឆ្ងាយនោះទេ យើងគឺ​ជាជ​ន​​រង​គ្រោះពិតប្រាកដ។ ដាក់ចេញជាសំណួរ ហើយត្រូវរកចម្លើយឲ្យឃើញ ថាតើគេចូល​ក្នុង​ប្រទេស​យើង​ដោយគ្មានលិខិតស្នាម តើចូលតាមប្រទេសណា មិនអាចចូលតាមពោធិ៍ចិនតុង ឬ​ចូល​តាម​អាកាសយានដ្ឋានថ្មី មរតកតេជោ ឬក៏អាកាសយានដ្ឋានសៀមរាប ឬក៏អាកាស​យាន​ដ្ឋាន​ព្រះសីហនុ​ទេ»។

សម្ដេចតេជោបានចោទសួរបន្តទៀតថា តើគេចូលមកប្រទេសយើងតាមប្រទេសណា ឥឡូវ​អ្នក​ទាំង​ហ្នឹង ​មិនទាន់ចាកចេញពីប្រទេសកម្ពុជាទេ សួរចម្លើយឲ្យបានច្បាស់ ព្រោះមានអ្នក​ខ្លះ​បាន​ព្យាយាម​ដាក់​កំហុសមកលើយើង ក្នុងពេលដដែលអ្នក​ទាំង​នោះ​បាន​ចូល​មក​ប្រទេស​យើង​តាម​ប្រទេស​របស់គេ។

សម្ដេចតេជោ ហ៊ុនសែន បានអះអាងថា សម្ដេចបានស្នើតាមរយៈឯកអគ្គរដ្ឋជាទូតប្រទេសកូរ៉េខាងត្បូង ដែលបានមកជូនសារតាំងកាលពីពេលថ្មីៗនេះ ដោយសម្ដេចបានបញ្ជាក់ប្រាប់លោកអគ្គរដ្ឋទូតថា អ្នកដែលសម្លាប់និស្សិតកូរ៉េនៅកម្ពុជានាពេលកន្លងទៅ គឺត្រូវបានចាប់ខ្លួននៅប្រទេសថៃ។ សម្ដេចបានស្នើឲ្យលោកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ចែករំលែកព័ត៌មាន ជុំវិញថាតើមូលហេតុអ្វីបានជាគេសម្លាប់ជនជាតិកូរ៉េនៅកម្ពុជា ក្នុងពេលដែលមេខ្លោងរបស់គេនៅប្រទេសថៃ។

សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ដល់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ ធ្វើការឲ្យបានហ្មត់ចត់ជាមួយខាងអន្តោប្រវេសន៍ សួរចម្លើយចំពោះអ្នកដែលត្រូវបានចាប់ខ្លួនហើយមិនមានលិខិតឆ្លងដែន ថាតើអ្នកឯងចូលកម្ពុជាតាមច្រកណា? ដើម្បីយើងបង្ហាញពិភពលោក ឲ្យបានដឹងថាប្រទេសណាដែលឆ្លងកាត់ច្រើនជាងគេ។ សម្រាប់អ្នកជិតខាងទាំងបីរួមមានវៀតណាម ឡាវ និងថៃ សម្ដេចមិនជឿថា ក្រុមឧក្រិដ្ឋជនអនឡាញទាំងនោះ ចូលតាមប្រទេសវៀតណាមនោះទេ ក៏ព្រោះតែវៀតណាមមានការរឹតបន្តឹងច្បាស់លាស់។

សម្ដេចបានបញ្ជាក់ថា បញ្ហាចឆបោកតាមប្រព័ន្ធអនឡាញ មិនត្រឹមតែប៉ះពាល់ដល់កិត្តិយស និងមុខមាត់កម្ពុជាប៉ុណ្ណោះទេ ហើយក៏ប៉ះពាល់ទៅដល់សេដ្ឋកិច្ចផងដែរ ដោយបញ្ហានេះបានធ្វើឲ្យ វិនិយោគិន ក៏ដូចជាភ្ញៀវទេសចរមានការភ័យខ្លាច។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់កម្ពុជាមិនបានពឹងផ្អែកទៅលើការឆបោកតាមប្រព័ន្ធអនឡាញនោះទេ៕

You missed

error: Content is protected !!